ប្រធានក្រុម ស.ស.យ.ក កំចាយមារ ថា៖ « យើងនឹងបង្ហាញអោយអស់នូវអ្វីដែលមាន ដើម្បីមុខមាត់ជាតិយើង »

ប្រធានក្រុម ស.ស.យ.ក កំចាយមារ ថា៖ « យើងនឹងបង្ហាញអោយអស់នូវអ្វីដែលមាន ដើម្បីមុខមាត់ជាតិយើង »

ភ្នំពេញ ៖ ប្រធានក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារ កីឡាករ សឹង ចាន់វ៉ាន់ណូ បានបង្ហាញគំនិតសុទិដ្ឋិនិយមពាក់ព័ន្ធនឹងការត្រៀមចេញទៅលេងពានរង្វាន់ប្រចាំតំបន់ AFF Futsal Club Championship នាប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងការធ្វើបទសម្ភាសន៍ខ្លីមួយតាមរយៈប្រព័ន្ធសារអេឡិចត្រូនិច ម្ចាស់អាវលេខ៧រូបនេះបានប្រាប់គេហទំព័រ Royal Sport News អោយដឹងយ៉ាងដូច្នេះថា៖ « សម្រាប់ការចេញទៅលេងនៅប្រទេសឥណ្ឌូនេស៊ីលើកនេះជាលើកដំបូងបំផុតសម្រាប់បង និងក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមាររបស់យើង។ បើនិយាយពីការយល់ចិត្តគ្នាក្នុងក្រុម បងគិតថា ពួកយើងមិនទាន់ធ្វើបានល្អនៅឡើយទេ ដោយហេតុផលថាក្រុមយើងមានសមាជិកចំណូលថ្មី ហើយណាមួយពួកយើងទើបនឹងបានហាត់ជាមួយគ្នាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ចឹងហើយវាមិនទាន់អាចរលូនទៅទាំងស្រុងឡើយ។»

សកម្មភាពប្រកួតកន្លងទៅរបស់ក្រុមស.ស.យ.ក កំចាយមារកន្លងទៅ (ឈុតសលាយទឹកក្រូច)

ជាមួយគ្នានេះដែរ បុរសជំនាញជើងឆ្វេង និងមានបទពិសោធន៍ជោកជាំលើទីលានក្នុងសាលក៏បានបន្ថែមទៀតថា៖ « សម្រាប់បង បងមានអារម្មណ៍ថាពួកយើងមានមោទនភាព និងត្រេកអរមែនទែនដែលយើងខំលេងឈ្នះពានហ្វូតសាលក្នុងស្រុកហើយបានឈានជើងទៅលេងលើឆាកអន្តរជាតិតំណាងអោយជាតិយើង។ មួយទៀតទាក់ទងនឹងចិត្តរួមទាំងឆន្ទៈ ពួកយើងដឹងតែប្រឹងអោយអស់ពីសមត្ថភាព១០០%ដែលមាន និងតាមអ្វីដែលអាចធ្វើទៅបានបូករួមទាំងការសាមគ្គីគ្នាអោយបានល្អ ធ្វើយ៉ាងណាក៏ដោយបើយើងមិនអាចស៊ីគេបានក៏យើងព្យាយាមខំបិទមិនអោយគេស៊ីយើងបានដូចគ្នា បើស៊ីបានក៏តិចបំផុត។ »

គួរអោយដឹងដែរថា ក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារនឹងចាកចេញពីរាជធានីភ្នំពេញនាព្រឹកស្អែកនេះដែលត្រូវនឹងថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។ ស.ស.យ.ក កំចាយមារតំណាងអោយកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមមកពីមីយ៉ាន់ម៉ា អូស្រា្តលី និងប្រ៊ុយណេ ខណៈម្ចាស់ផ្ទះនៅពូល B ជាមួយនឹងក្រុមមកពីវៀតណាម ថៃ និង ម៉ាឡេស៊ី។

ដោយ ៖ ខាវីន

រូបភាព ៖ Cambodian Futsal

 

 

 

Facebook Comments