មានរឿងអ្វីខ្លះសម្រាប់ Super Saturday នៅ MCL ?

មានរឿងអ្វីខ្លះសម្រាប់ Super Saturday នៅ MCL ?

ភ្នំពេញ ៖ លីគកំពូលកម្ពុជាបានធ្វើដំណើរមកដល់សប្តាហ៍ទី៩ជាផ្លូវការ សម្រាប់ថ្ងៃសៅរ៍ ទី៩ ម្សិលមិញនេះត្រូវបានប្រិយមិត្តអ្នកគាំទ្របាល់ទាត់ក្នុងស្រុកអោយឈ្មោះថាជា « Super Saturday » ខណៈការប្រកួតសុទ្ធតែជាគូពិសេស។

១. សមាជិក១០នាក់របស់វិសាខាផ្តួលជើងខ្លាំងព្រះខ័នរាជខេត្តស្វាយរៀងយ៉ាងប្រផិតប្រផើយ

វិសាខា បានយកឈ្នះ ព្រះខ័នរាជខេត្តស្វាយរៀង ដោយលទ្ធផល ៣-២ នាកីឡដ្ឋានវេស្ទឺន។ ក្លឹបចំណូលថ្មីលីគកំពូល វិសាខា បានបើកការនាំមុខមុន ២-០ នៅតង់ទី១ ដោយគ្រាប់ដំបូងរកបានដោយយុវជន សាន គីមហេង នៅនាទីទី១២ និងមួយគ្រាប់ទៀតរកបានដោយការស៊ុតបញ្ចូលទីពីសំណាក់ Kyong Hun Kim ពាក់អាវលេខ៨។​ចូលមកដល់តង់ទី២​ វិសាខាសម្រេចបានមួយគ្រាប់ទៀតដោយ Song Chhol Park ពាក់អាវលេខ៩។ កន្លងទៅមិនបានប៉ុន្មាននាទីផង ខ្សែការពារកូតស្តាំរបស់វិសាខា កីឡាករ ចិន វណ្ណៈ បានទទួលកាតក្រហមក្រោយបង្កកំហុសលើកីឡាករ ម៉ន កក្កដា របស់ព្រះខ័នរាជខេត្តស្វាយរៀង។ បន្ទាប់ពិសល់គ្នាតែ១០នាក់ ក្រុមភ្ញៀវបានដាក់សំពាធយ៉ាងខ្លាំងរហូតរកបាន២គ្រាប់ដោយកីឡាករ នេន​ សុធារដ្ឋ និង Caeasar Trevin នៅមុនបញ្ចប់តង់ទី២។ សរុបចុងក្រោយម្ចាស់ផ្ទះ វិសាខា បន្តរកបានពិន្ទុនាសប្តាហ៍ទី៩។

២. ជំនួប Siem Reap Derby គ្មានគ្រាប់បាល់សូម្បីមួយគ្រាប់

ការប្រកួតរវាងក្លឹប២មានមូលដ្ឋាននៅលើទីកដីអង្គរដូចគ្នា អង្គរថៃហ្គឺរ និង សូលទីឡូអង្គរ ដែលអ្នកទស្សនាហោថា « Siem Reap Derby » បានបញ្ចប់ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយពោលគឺ ០-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជាង៣ពាក់នាក់។

៣. បឹងកេតឈ្នះនៅជំនូប The Cambodian Classic Match ទល់នឹងភ្នំពេញក្រោន

ម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅតែមិនអាចរារាំងជ័យជំនះរបស់ក្រុមកំពូលតារាង បឹងកេត សម្រាប់ជំនូបដែលអ្នកគាំទ្រហៅថា « The Cambodian Classic Match » ។ ទីបំផុតនៃជំនួបដ៏ក្តៅគគុកនេះបញ្ចប់ដោយលទ្ធផល ៣-២ ។ ម្ចាស់ផ្ទះរកបាន២គ្រាប់ដោយ ស៊ិន កក្កដា នៅនាទីទី៩ដើមតង់ទី១ និង Pouya Hosseini នៅនាទីទី៥៥ ខណៈ ស៊ិន កក្កដា បានបាត់បង់ឳកាសរកគ្រាប់បន្ថែមដោយស៊ុតបាល់ប៉េណាល់ទីមិនចូល ស្របពេលក្រុមភ្ញៀវរកបាន៣គ្រាប់ដោយ Maycon Calijuri ២គ្រាប់ម្នាក់ឯង និងហុង ផេងជាអ្នករកគ្រាប់បាល់ជ័យជំនះអោយបឹងកេត។

ដោយ ៖ ខាវីន

ប្រភព និង រូបភាព ៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

Facebook Comments