រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី៨

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី៨

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដែលជាលីគកំពូលកម្ពុជាបានបញ្ចប់សប្តាហ៍ទី៨ជាស្ថាពរ។ ក្លឹបទាំង១២បានប្រកួតតទល់គ្នាយ៉ាងស្វិតស្វាញនៅ៥ទីលានផ្សេងគ្នាកាលពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍កន្លងទៅ។

តើមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅសប្តាហ៍ទី៨នេះ?

១. អាស៊ីអឺរ៉ុបយូណាយធីតប៉ះស្មើទល់នឹងក្រុមខ្លាំងប៉ូលីសនៅទឹកដីខ្លួនឯង

នៅក្រោមមេឃស្រទុំវេលាម៉ោង៣រសៀលកាលពីថ្ងៃសៅរ៍កន្លងទៅ នាកីឡដ្ឋានអេ.អ៊ី.យូ ស្ពតផាតរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ម្ចាស់ផ្ទះបានបិទស្មើក្នុងជំនួបទល់នឹងក្រុមជើងខ្លាំង អគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ១-១។ មួយគ្រាប់របស់ម្ចាស់ផ្ទះរកបានដោយម្ចាស់អាវលេខ៩ Marie Private នៅដើមតង់ទី២​ ខណៈមួយគ្រាប់របស់ភ្ញៀវរកបានដោយខ្សែប្រយុទ្ធ នួន បូរី ។

២. បឹងកេតបន្តភាពខ្លាំងរបស់ខ្លួន ឡើងឈរកំពូលតារាងសប្តាហ៍ទី៨

ម្ចាស់ជើងឯកលីគកំពូលឆ្នាំមុន បឹងកេតបានបន្តភាពមិនដែលចាញ់របស់ខ្លួន ក្រោយបំបាក់អង្គរថៃហ្គឺរមិនអោយតដៃបានក្នុងលទ្ធផល ៤-០ នាកីឡដ្ឋានស្តាតចាស់។ ៤គ្រាប់របស់បឹងកេតរកបានដោយកីឡាករបរទេសទាំងអស់ពោលគឺ Esoh Omogba នៅចុងតង់ទី១ Gbenga នោនាទី៦៩ និង Maycon Calijuri រកបាន២គ្រាប់ម្នាក់ឯងនៅចុងតង់ទី២។

៣. ២គ្រាប់របស់ រស់​ សំអឿន និងមួយគ្រាប់របស់​ សាត គីមហេង បង្អាក់ដំណើរណាហ្គាវើលលើងទៅកំពូលតារាង

សមាជិកថ្មីលីគកំពុលកម្ពុជា វិសាខា ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ក្រោយយកឈ្នះក្លឹបមិនដែលចាញ់៧សប្តាហ៍កន្លងទៅ ណាហ្គាវើល ៣-០ នៅកីឡដ្ឋានស្តាតចាស់។ រស់ សំអឿនរកបាន២គ្រាប់ ខណៈយុវជនវ័យក្មេង សាត គីមហេង បន្តទាត់ចូល៤ប្រកួតជាប់ៗគ្នាជួយអោយវិសាខាឡើងមកឈរកន្លែងសមរម្យមួយនៃតារាងពិន្ទុ។

 

៤. សូលទីឡូអង្គរឡើងមកតាំងពីសៀមរាបលត់អគ្គសនីកម្ពុជាដល់ក្នុងផ្ទះ

ម្ចាស់ផ្ទះ អគ្គសនីកម្ពុជា រកបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីដៃក្លឹបមកពីខេត្តសៀមរាប សូលទីឡូអង្គរ ក្នុងលទ្ធផលបច្ចេកទេស ០-៣។ ម្ចាស់អាវលេខ១១នៃក្លឹបរងជើងឯកលីគទីពីររដូវកាលមុន Dzarma Bata រកបាន២គ្រាប់ម្នាក់ឯង ស្របពេលខ្សែប្រយុទ្ធចំណូលថ្មី Abban James រកបានមួយគ្រាប់នៅតង់ទី១។

៥. ភ្នំពេញក្រោនយកឈ្នះយ៉ាងប្រផិតប្រផើយលើក្លឹបមិនដែលឈ្នះវេស្ទឹនភ្នំពេញ

ម្ចាស់ពានលីគកំពូល៦សម័យ ភ្នំពេញក្រោន យកឈ្នះក្លឹបបាតតារាង វេស្ទឹនភ្នំពេញ ដោយការភ្លាត់ធ្វើអោយបាល់ទីខ្លួនឯងពីសំណាក់ខ្សែការពារ ចន្ថា ធនធាន នៅនាទីទី៣៥។ ជ័យជំនះក្រៅដីនេះជួយអោយភ្នំពេញក្រោនរំកិលចំណាត់ថ្នាក់មកនៅលេខ៦ក្នុងចំណោមក្លឹបទាំង១២នៃលីគកំពូល។

 

៦. ទ័ពឈ្នះព្រះខ័នរាជស្វាយរៀងបញ្ចប់ភាពបរាជ័យផ្ទួនៗរបស់ខ្លួន

គូប្រកួតប្រចាំសប្តាហ៍ និងជាការប្រកួតដ៏ចម្រូងសម្រាស់មួយនាកីឡដ្ឋានខេត្តស្វាយរៀង ក្លឹបព្រះខ័នរាជស្វាយរៀងបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងជំនួបទល់នឹងក្រសួងការពារជាតិ។ ម្ចាស់អាវលេខ៩របស់ទ័ព Na Hyosung ទាត់នាំមុខមុននៅនាទី២០ មុនពេល ណុប តុលា របស់ស្វាយរៀងទាត់តាមស្មើនៅនាទីទី៦៥តង់ទី២។ មួយគ្រាប់ចុងក្រោយ និងគ្រាប់ជ័យជំនះរបស់ទ័ពរកបានដោយ Song Chihoon នៅនាទីទី៩០+១៨។ ការប្រកួតមានការប៉ះទង្គិចដ៏ធំមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជាដោយមានការវាយតប់គ្នា ក្រោយ ណុប តុលា បើកបាតស្លាយកីឡាករ Song Chihoon របស់ទ័ពរហូតដល់លោកអជ្ញាកណ្តាលសម្រេចដកកាតក្រហមបណ្តេញកីឡាករជាច្រើនរូបបូករួមទាំងជំនួយការគ្រូបង្វឹកចេញពីទីលានផងដែរ។

តារាងពិន្ទុនៃលីគកំពូលកម្ពុជា

ដោយ ៖ ខាវីន

រូបភាព និងប្រភព ៖ Metfone Cambodian League official page

Facebook Comments