រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី១៣

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី១៣

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដែលជាលីគកំពូលកម្ពុជាបានបញ្ចប់សប្តាហ៍ទី១៣ជាស្ថាពរ។ ក្លឹបទាំង១២បានប្រកួតតទល់គ្នាយ៉ាងស្វិតស្វាញនៅ៥ទីលានផ្សេងៗគ្នាកាលពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍កន្លងទៅ។

          តើមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅសប្តាហ៍ទី១៣?

១. អាស៊ីអឺរ៉ុបយូណាយធីតចាញ់សូលទីឡូអង្គរនៅទឹកដីខ្លួនឯង

នៅក្រោមមេឃស្រទុំវេលាម៉ោង៣រសៀលកាលពីថ្ងៃអាទិត្យកន្លងទៅ នាកីឡដ្ឋានអេ.អ៊ី.យូ ស្ពតផាតរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ទទួលរងបរាជ័យក្នុងជំនួបទល់នឹងក្លឹបមកពីខេត្តសៀមរាប សូលទីឡូអង្គរ ក្នុងលទ្ធផល ០-១។ មួយគ្រាប់របស់ក្រុមភ្ញៀវរកបានដោយម្ចាស់អាវលេខ១១ Dzarma Bata នៅនាទីទី៤៣ចុងតង់ទី១។​

២. បឹងកេតបន្តភាពខ្លាំងរបស់ខ្លួន ឡើងឈរកំពូលតារាងសប្តាហ៍ទី១៣

ម្ចាស់ជើងឯកលីគកំពូលឆ្នាំមុន បឹងកេតបានបន្តភាពមិនដែលចាញ់របស់ខ្លួន ក្រោយបំបាក់ក្រុមមិនដែលឈ្នះសោះវេស្ទឺនភ្នំពេញក្នុងលទ្ធផល ៥-១ នាពហុកីឡដ្ឋានជាតិ។

៣. ២គ្រាប់របស់ ទិត្យ ឌីណា និងកែវ សុខផេង ជួយវិសាខាបន្តឈរនៅ Top 4

សមាជិកថ្មីលីគកំពូលកម្ពុជា វិសាខាយក ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ បន្ទាប់ពីឈ្នះក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ៤-១ នៅកីឡដ្ឋានស្តាតចាស់។ ទិត្យ ឌីណា និងកែវ សុខផេងរកបានម្នាក់២គ្រាប់សម្រាប់ការបង្ហាញខ្លួនលើកទី២អោយវិសាខានាជើងទី២ ខណៈ Okamoto រកបានមួយគ្រាប់សម្រាប់ក្រុមភ្ញៀវ។

៤. ណាហ្គាវើលបិទមិនអោយអគ្គិសនីកម្ពុជាតដៃបានសូម្បីមួយគ្រាប់

អគ្គិសនីកម្ពុជាបន្តរងបរាជ័យក្រោមថ្វីដៃក្លឹបណាហ្គាវើលក្នុងលទ្ធផលបច្ចេកទេស ២-០​ សម្រាប់សប្តាហ៍ទី១៣។ Bisan George និង​ Matthew Osa នៅតែជាបេក្ខភាពសំខាន់ក្នុងការរកគ្រាប់បាល់អោយក្លឹបរងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីជោ ហ៊ុនសែនរដូវកាលមុន។

៥. ភ្នំពេញក្រោនស្ពឹកមុខនៅ RSN Stadium

ភ្នំពេញក្រោនរងបរាជ័យយ៉ាងអាម៉ាស់បំផុត ក្រោយត្រូវទ័ពលត់យ៉ាងចាស់ដៃ ៥-១ ក្នុងដីខ្លួនឯង។ ម្ចាស់ពានលីគកំពូល៦សម័យនេះបានបើកការនាំមុខមុនដោយ Valci Junior នៅតង់ទី១ ប៉ុន្តែអ្វីៗមិនទៀងទាត់ ទ័ពព្យាយាមដាក់គំនៀបលើម្ចាស់ផ្ទះរហូតសម្រេចទីបានទៅដល់៥គ្រាប់រកបានដោយ Yudai Ogawa (២គ្រាប់) Na Hyosung (២គ្រាប់) និង Yoo Jae Ho ។

៦. ព្រះខ័នរាជស្វាយរៀងបញ្ចប់ភាពបរាជ័យនៅដីខ្លួនឯង

សុបិនអាក្រក់ដែលតាមយាយីព្រះខ័នរាជស្វាយរៀងកន្លងមកបានរលត់ ក្រោយក្លឹបមូយនេះយកឈ្នះអគ្គស្នងការនគរបានជាតិក្នុងលទ្ធផលដល់ទៅ ៤០ នៅទឹកដីខ្លួនឯងផ្ទាល់។ ប្រាក់ មុន្នីឧត្តមនៅតែជាតួឯកសំខាន់សម្រាប់ក្លឹប បន្ទាប់ពីរូបគេរកបានមួយគ្រាប់នៅចុងតង់ទី២ ស្របពេលដែលមិត្តរួមក្រុម នុប តុលារកបាន២គ្រាប់ និង Harley Willard អតីតយុវជនក្លឹប Southampton នៅលីគអង់គ្លេសរកបាន១គ្រាប់ផងដែរ។

ដោយ ៖ ខាវីន

រូបភាព និងប្រភព ៖ Metfone Cambodian League official page

Facebook Comments