អ្នកចាំទី២រូបមានម្នាក់អាចនឹងក្លាយជាដៃទី១ Chelsea បើ Thibaut Courtois ចាកចេញ

អ្នកចាំទី២រូបមានម្នាក់អាចនឹងក្លាយជាដៃទី១ Chelsea បើ Thibaut Courtois ចាកចេញ

អង់គ្លេស ៖ ក្លឹបតោខៀវ Chelsea កំពុងពិចារណាក្នុងការនាំយកអ្នកចាំទី២រូបក្នុងនោះមានអតីតអ្នកចាំទីក្រុមជម្រើសជាតិឆែក និងធ្លាប់ជាអតីតសមាជិកយូរឆ្នាំរបស់ក្លឹប កីឡាករ Petr Cech និងអ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាក  Kasper Schmeichel ដើម្បីមកជំនួសកន្លែង Thibaut Courtois ដែលអាចនឹងចាកចេញពីក្លឹបសម្រាប់ការដោះដូរកីឡាកររដូវក្តៅនេះ។ បើតាមសារពត៌មានរបស់ប៊ែលស៊ិក Het Laatste Nieuws បានអោយដឹងថា ក្លឹបយក្សអេស៉្បាញ Real Madrid ហ៊ានអោយតម្លៃខ្លួន Courtois  រហូតដល់៥៥លានអឺរ៉ូស្មើនឹង៤៨.៥លានផោន ស្របពេលដែលអ្នកវិភាគបាល់ទាត់នៅតំបន់អឺរ៉ុបមួយចំនួនថាតម្លៃនេះសមល្មមអាចអោយអ្នកចាំទីកម្ពស់២ម៉ែត្រនេះចាកចេញពី Stamford Bridge ទៅកាន់ Santiago Benabeu ។ ជាមួយគ្នានេះដែរ ថ្មីៗនេះគ្រូបង្វឹកថ្មី លោក Maurizio Sarri ក៏បានលើកឡើងក្នុងពេលធ្វើសន្និសិទកាសែតថា លោកនឹងប្រញាប់ដោះស្រាយវិបិត្តនៅតំបន់អ្នកចាំទីអោយចប់សព្វគ្រប់ក្នុងពេលខាងមុខនេះ។

គួរអោយដឹងដែរថា អ្នកចាំទីវ័យ៣៦ឆ្នាំ Petr Cech ធ្លាប់បានផ្ទេរពី Rennes មកកាន់ Chelsea ក្នុងឆ្នាំ២០០៤ ហើយក៏ចាកចេញទៅ Arsenal ឆ្នាំ២០១៥ រីឯ Kasper Schmeichel បច្ចុប្បន្នជាសមាជិក Leicester City ហើយក៏ជាបុគ្គលសំខាន់ដែលនាំអោយក្លឹបមួយនេះលើកពាន EPL កាលពីរដូវ២០១៥ ២០១៦ ផងដែរ៕

ដោយ ៖ ខាវីន

ប្រភព ៖ Sky Sport

Facebook Comments